រូបគំនូរបង្ហាញពីការណ៍ដែលកាលីលេត្រូវប្រឈមមុខនឹងការសួរដេញដោលពីសំណាក់មន្រ្តីសង្ឃកាតូលិកទាក់ទងនឹងទ្រឹស្តីតារាសាស្រ្ត
ស្ដាប់ជាសំឡេង
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង
នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិរបស់លោកកាលីលេ
ដោយលើកឡើង អំពីការជាប់ទោសដោយសារតែទ្រឹស្តីតារាសាស្រ្ត
ដែលផ្ទុយពីទ្រឹស្តីសាសនាកាតូលិក។
តារាសាស្រ្ត
គឺជាចំណេះដឹងដ៏ចំណាស់មួយរបស់មនុស្សជាតិ។ ចាប់តាំងពីកកើតនៃមនុស្សជាតិដើមដំបូង
មនុស្សតែងតែធ្វើការសង្កេតមើលដំណើរវិវឌ្ឍនៃព្រះអាទិត្យ ព្រះចន្ទ
និងដួងតារា ក៏ប៉ុន្តែ តារាសាស្រ្តសម័យបុរាណ
ច្រើនតែត្រូវបានគេប្រើគ្រាន់តែ ដើម្បីសម្គាល់ទិស សម្គាល់ពេល
សម្គាល់រដូវ និងជាពិសេស ដើម្បីគន់គូរពីជោគជតារាសីតែប៉ុណ្ណោះ។
លក្ខណៈពិសេសបំផុតនៃតារាសាស្រ្តសម័យបុរាណ
គឺការជឿថា ភពផែនដីជាចំណុចកណ្តាលនៃចក្រវាល ហើយអ្វីៗទាំងអស់ដែលនៅលើមេឃ
សុទ្ធតែធ្វើដំណើរវិលជុំវិញភពផែនដី។
ជំនឿដ៏ចំណាស់ចាក់ឫសនៅក្នុងផ្នត់គំនិតមនុស្សជាតិរាប់ពាន់ឆ្នាំនេះចាប់ផ្តើមប្រែប្រួល
នៅអំឡុងឆ្នាំ១៥០០ ជាមួយនឹងទ្រឹស្តីថ្មីបង្កើតឡើងដោយ តារាវិទូប៉ូឡូញ
ឈ្មោះ នីកូឡា កូពែរនិក។
នីកូឡា កូពែរនិក កើតនៅឆ្នាំ១៤៧៣
បានចំណាយពេលជាច្រើនឆ្នាំ ធ្វើការសង្កេតមើលដំណើរវិវឌ្ឍនៃដួងតារា
ហើយបានធ្វើសេចក្តីសន្និដ្ឋានថា ចំណុចកណ្តាលនៃចក្រវាល មិនមែនភពផែនដីនោះទេ
តែគឺព្រះអាទិត្យ ហើយអ្វីៗទាំងអស់ រាប់ទាំងភពផែនដីផង
គឺសុទ្ធតែធ្វើដំណើរវិលជុំវិញព្រះអាទិត្យ។
នេះគឺជាចំណុចចាប់ផ្តើមនៃបដិវត្តន៍ខាងតារាសាស្រ្ត ហើយ នីកូឡា កូពែរនិក
ត្រូវបានគេចាត់ទុកថាជាបិតានៃតារាសាស្រ្តសម័យទំនើប។
ទ្រឹស្តីរបស់ នីកូឡា កូពែរនិក
បានជះឥទ្ធិពលទៅដល់អ្នកប្រាជ្ញជំនាន់ក្រោយៗមកទៀត ជាពិសេស គឺត្រូវបានការពារ
ពង្រីក និងកែលម្អ ដោយអ្នកប្រាជ្ញដ៏សំខាន់ពីររូប
ដែលរស់នៅក្នុងសម័យកាលជាមួយគ្នា គឺ ចូហាណឺស កេព្ល័រ (Johannes
Kepler) នៅអាល្លឺម៉ង់ និងកាលីលេ នៅអ៊ីតាលី។
នៅអំឡុងឆ្នាំ១៦០៩ ជាង ៦០ឆ្នាំ ក្រោយមរណភាពរបស់
នីកូឡា កូពែរនិក កាលីលេបានផលិតនូវតេឡេស្កុបប្រភេទថ្មីស្រឡាងមួយ
ដែលមានកម្លាំងដ៏ខ្លាំងមិនធ្លាប់មានពីមុន។ ពីដំបូង
កាលីលេផលិតតេឡេស្កុបនេះឡើង ដើម្បីលក់ទៅឲ្យឈ្មួញសមុទ្រ
និងទៅឲ្យកងទ័ពជើងទឹកអ៊ីតាលី។ ក៏ប៉ុន្តែ នៅយប់មួយ ក្នុងអំឡុងខែសីហា
ឆ្នាំ១៦០៩ កាលីលេបានបែកគំនិតយកតេឡេស្កុបនេះឆ្លុះមើលផ្កាយលើមេឃ
ហើយកាលីលេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសង្កេតឃើញថា នៅកន្លែងខ្លះ
ដែលមើលដោយភ្នែកទទេឃើញតែមេឃខ្មៅទទេស្អាត តែនៅពេលមើលតាមតេឡេស្កុប
លោកអាចមើលឃើញផ្កាយជាច្រើន ដែលគេមិនធ្លាប់ឃើញពីមុន។ ចាប់ពីពេលនោះហើយ
ដែលកាលីលេចាប់ផ្តើមធ្វើការសិក្សាលម្អិត អំពីតារាសាស្រ្ត
ដោយការសង្កេតមើលតាមរយៈតេឡេស្កុប ហើយមិនយូរប៉ុន្មាន កាលីលេ បានធ្វើរបកគំហើញដ៏សំខាន់បំផុត
នៅក្នុងវិស័យតារាសាស្រ្តរបស់លោក និងជាភស្តុតាងដ៏សំខាន់
ក្នុងការបញ្ជាក់ពីទ្រឹស្តីរបស់ នីកូឡា កូពែរនិក។
នៅយប់មួយ ក្នុងអំឡុងខែមករា ឆ្នាំ១៦១០
កាលីលេបានលើកតេឡេស្កុបរបស់លោកឆ្លុះមើលភពព្រហស្បតិ៍
ហើយលោកសង្កេតឃើញផ្កាយ៣ដួង តម្រៀបគ្នាស្ទើរតែត្រង់ដូចបន្ទាត់
នៅសងខាងភពព្រហស្បតិ៍ គឺ ២ នៅខាងស្តាំ និង ១ នៅខាងឆ្វេង។ សម្រាប់កាលីលេ
ការរកឃើញផ្កាយថ្មីៗ
ដែលគេមិនធ្លាប់ឃើញដោយភ្នែកទទេកាលពីមុនបានក្លាយជាទម្លាប់ទៅហើយៗ
កាលីលេគិតថា ផ្កាយទាំង ៣ដួង នៅក្បែភពព្រហស្បតិ៍នេះ
ក៏ជាផ្កាយធម្មតាដូចជាផ្កាយផ្សេងទៀតដែរ។
ក៏ប៉ុន្តែ នៅថ្ងៃបន្ទាប់
កាលីលេបានសង្កេតឃើញផ្កាយទាំង៣ដួងផ្លាស់ទីខុសពីផ្កាយផ្សេងទៀត
ដោយផ្កាយទាំង៣ផ្លាស់ទីទៅនៅខាងឆ្វេងភពព្រហស្បតិ៍
ហើយខិតចូលជិតគ្នាជាងកាលពីថ្ងៃមុន។ ពីរថ្ងៃក្រោយមកទៀត
ផ្កាយ១ដួងបានបាត់ខ្លួនមើលលែងឃើញ
ហើយ២ដួងដែលនៅសល់ផ្លាស់ទីទៅនៅខាងស្តាំភពព្រហស្បតិ៍វិញ។
ប៉ុន្មានថ្ងៃក្រោយមកទៀត ស្រាប់តែមានផ្កាយទី៤បានលេចមុខឡើង
ហើយកាលីលេបានធ្វើការកត់សម្គាល់នូវចំណុចមួយទៀត គឺបើធៀបនឹងផ្កាយផ្សេងទៀត
ផ្កាយទាំង ៤ដួង រួមជាមួយនឹងភពព្រហស្បតិ៍ មានចលនាផ្លាស់ទីជាបណ្តុំតែមួយ។
កាលីលេក៏បានសន្និដ្ឋានថា ផ្កាយទាំង ៤ដួងនេះ
តាមពិតមែនជាផ្កាយនោះទេ តែជាព្រះចន្ទរបស់ភពព្រហស្បតិ៍
ហើយធ្វើដំណើរវិលជុំវិញភពព្រហស្បតិ៍ (ផ្កាយដែលបាត់មើលលែងឃើញ
ឬក៏លេចមុខថ្មី គឺដោយសារតែស្ថិតនៅចំពីមុខ ឬនៅបាំងពីក្រោយភពព្រហស្បតិ៍)
ពោលគឺដូចជាព្រះចន្ទរបស់យើង ដែលធ្វើដំណើរវិលជុំវិញភពផែនដីដូច្នោះដែរ។
ចេញពីសេចក្តីសន្និដ្ឋាននេះ
កាលីលេបានទាញសេចក្តីសន្និដ្ឋានមួយទៀត
ដែលមានសារៈសំខាន់បំផុតនៅក្នុងបដិវត្តន៍នៃតារាសាស្រ្តសម័យទំនើបថា
ការណ៍ដែលមានព្រះចន្ទផ្សេង
ដែលធ្វើដំណើរវិលជុំវិញភពផ្សេងក្រៅពីភពផែនដីបែបនេះ
វាគឺជាភស្តុតាងយ៉ាងជាក់ច្បាស់ដែលបញ្ជាក់ថា
ភពផែនដីមិនមែនជាចំណុចកណ្តាលនៃចក្រវាល
ដូចជាជំនឿចាស់បុរាណរាប់ពាន់ឆ្នាំពីមុននោះទេ ហើយនេះគឺជាភស្តុតាងដែលបញ្ជាក់ពីទ្រឹស្តីរបស់នីកូឡា
កូពែរនិក កាលពីជាង ៦០ឆ្នាំមុន។
មិនបង្អង់យូរ កាលីលេបានសរសេរជាសៀវភៅ ហើយចុះផ្សាយ
ដើម្បីពន្យល់អំពីទ្រឹស្តីថ្មីនេះ ក៏ប៉ុន្តែ
ទ្រឹស្តីដែលដកភពផែនដីចេញពីចំណុចកណ្តាលនៃចក្រវាល
មិនត្រឹមតែផ្ទុយពីទ្រឹស្តីរបស់អារីស្តូត ដែលគេជឿ
និងយកមកបង្រៀនតៗគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះទេ
តែគ្រោះថ្នាក់ជាងនេះទៅទៀត គឺវាផ្ទុយពីសេចក្តីបង្រៀនរបស់សាសនាកាតូលិក
ហើយនៅពេលនោះ វិហារកាតូលិកគឺជាស្ថាប័នដ៏មានអំណាចបំផុត ទាំងនៅអឺរ៉ុបជាទូទៅ
និងជាពិសេស នៅអ៊ីតាលី។
កាលីលេត្រូវបានសម្តេចប៉ាបកោះហៅឲ្យទៅទីក្រុងរ៉ូម
ដើម្បីប្រឈមមុខនឹងការជំនុំជម្រះដោយតុលាការកាតូលិក។
កាលីលេត្រូវបានចោទប្រកាន់ថា បានបោះពុម្ពសៀវភៅ
ដែលមានអត្ថន័យការពារទ្រឹស្តីរបស់នីកូឡាកូពែរនិក
ហើយប្រឆាំងនឹងសេចក្តីបង្រៀនរបស់សាសនាកាតូលិក។
ក្រោយពីឆ្លងកាត់សវនាការរយៈពេល៣ថ្ងៃ
កាលីលេត្រូវបានតុលាការកាត់ឲ្យជាប់ពិរុទ្ធ
ហើយបទល្មើសប្រឆាំងនឹងសាសនានៅពេលនោះត្រូវជាប់ទោសប្រហារជីវិត។ ក៏ប៉ុន្តែ
តុលាការបានទុកផ្លូវដើរមួយ ដើម្បីឲ្យកាលីលេរួចផុតពីទោសប្រហារជីវិត ប្រសិនបើកាលីលេសុខចិត្តប្រកាសជាសាធារណៈថាទ្រឹស្តីរបស់កូពែរនិក
ដែលដកភពផែនដីពីចំណុចកណ្តាលនៃចក្រវាល គឺជាទ្រឹស្តីខុសឆ្គង។
នៅថ្ងៃទី៤នៃសវនាការ កាលីលេ ដែលមានវ័យចំណាស់
៧០ឆ្នាំទៅហើយនោះ ក៏សុខចិត្តធ្វើតាមលក្ខខណ្ឌរបស់ចៅក្រម ហើយលុតជង្គង់សារភាពទោសកំហុស
បដិសេធទ្រឹស្តីរបស់កូពែរនិក និងជាពិសេស
បដិសេធនូវអ្វីដែលខ្លួនលោកផ្ទាល់ជឿប្រាកដ១០០%
តាមរយៈការសង្កេតជាក់ស្តែង និងការគណនាតាមលក្ខណៈវិទ្យាសាស្រ្ត។
កាលីលេបានរួចផុតពីទោសប្រហារជីវិត ក៏ប៉ុន្តែ
ត្រូវបានតុលាការកាត់ឲ្យជាប់ឃុំនៅក្នុងផ្ទះអស់មួយជីវិត។
កាលីលេលែងមានសិទ្ធិសរសេរសៀវភៅអ្វីផ្សេងទៀតទាំងអស់
ចំណែកឯសៀវភៅស្តីពីតារាសាស្រ្តដែលកាលីលេបោះពុម្ពផ្សាយរួចហើយនោះក៏ត្រូវបានគេហាមឃាត់៕
ប្រភព៖ RFI Khmer