ស្ដាប់ជាសំឡេង
នៅក្នុងនាទីប្រវត្តិសាស្រ្តរបស់យើងនៅសប្តាហ៍នេះ សេង
ឌីណា សូមបន្តប្រវត្តិរបស់លោកអ៊ីសាក់ ញូតុន ដោយសូមលើកឡើង
អំពីដំណើររឿងដែលគេតែងតែនាំគ្នាលើកឡើង គឺស្តីអំពីទំនាក់ទំនង រវាងផ្លែប៉ោម
និងទ្រឹស្តីនៃកម្លាំងទំនាញសកល។
នៅក្នុងអំឡុងសតវត្សរ៍ទី១៧
ការសិក្សាខាងផ្នែកវិទ្យាសាស្រ្តនៅតែមានមូលដ្ឋានគ្រឹះឈរលើទ្រឹស្តីរបស់អារីស្តូត
អ្នកប្រាជ្ញដ៏ល្បីល្បាញរបស់ក្រិកតាំងពីសម័យកាលមុនគ្រិស្តសករាជ។ ក៏ប៉ុន្តែ
ក្នុងពេលជាមួយគ្នា ឥទ្ធិពលនៃទ្រឹស្តីវិទ្យាសាស្រ្តសម័យទំនើបក៏កំពុងតែចាប់ផ្តើមរីកសាយភាយកាន់តែច្រើនឡើងផងដែរ
ដែលគេហៅថាជាបដិវត្តន៍នៃវិទ្យាសាស្រ្ត។
ញូតុនស្ថិតក្នុងចំណោមអ្នកដែលផ្តោតការយកចិត្តទុកដាក់ខ្លាំង
ទៅលើទ្រឹស្តីរបស់អ្នកវិទ្យាសាស្រ្តសម័យទំនើប
រួមមានដូចជាទស្សនវិទូបារាំង រ៉ឺនេ ដេកាត អ្នកប្រាជ្ញអ៊ីតាលី កាលីលេ
តារាវិទូប៉ូឡូញ នីកូឡា កូពែរនិក និងតារាវិទូអាល្លឺម៉ង់ ហ្សូហាន កេព្ល័រ។
ទ្រឹស្តីដែលកំណត់ថា ផែនដីមិនមែនជាចំណុចកណ្តាលនៃចក្រវាល
ហើយអ្វីៗទាំងអស់សុទ្ធតែវិលជុំវិញផែនដីនោះទេ តែតាមពិត
មានតារារណបខ្លះវិលជុំវិញភព ដូចជា
ព្រះចន្ទរបស់ភពព្រហស្បតិ៍វិលជុំវិញភពព្រហស្បតិ៍
ព្រះចន្ទរបស់យើងវិលជុំវិញភពផែនដី ក៏ប៉ុន្តែ ទាំងភពព្រហស្បតិ៍ ទាំងភពផែនដី
និងភពផ្សេងទៀតក្នុងប្រព័ន្ធព្រះអាទិត្យ
សុទ្ធតែធ្វើដំណើរវិលជុំវិញព្រះអាទិត្យ។
គឺនីកូឡា កូពែរនិក ដែលបានបង្កើតនូវទ្រឹស្តី
ស្តីពីចលនាវិលជុំវិញព្រះអាទិត្យ ដោយថែមទាំងបានធ្វើការគណនាថា
ភពទាំងអស់ធ្វើដំណើរជុំវិញព្រះអាទិត្យ ក្នុងគន្លងដែលមានទម្រង់ជារង្វង់
ហើយព្រះអាទិត្យស្ថិតនៅត្រង់ផ្ចិតនៃរង្វង់។ ក៏ប៉ុន្តែ ក្រោយមកទៀត
តារាវិទូអាល្លឺម៉ង់ ហ្សូហាន កេព្ល័រ
បានធ្វើការគណនាបង្កើតបាននូវទ្រឹស្តីថ្មីមួយទៀត ដែលកំណត់ថា
ភពទាំងអស់ពិតជាវិលជុំវិញព្រះអាទិត្យមែន តែមានគន្លងមូលទ្រវែង (ឬពងក្រពើ)
មិនមែនជារង្វង់នោះទេ
ហើយព្រះអាទិត្យមិនស្ថិតនៅត្រង់ចំណុចផ្ចិតនោះដែរ។ ទ្រឹស្តីរបស់លោកហ្សូហាន
កេព្ល័រ ត្រូវបានគេទទួលស្គាល់ជាទូទៅ ក៏ប៉ុន្តែ
នៅពេលនោះមានសំណួរដ៏សំខាន់មួយដែលចោទឡើង ហើយដែលគេនៅមិនទាន់មានចម្លើយ៖
តើចលនាវិលជុំវិញព្រះអាទិត្យនេះកើតមានដោយសារអ្វី?
នៅថ្ងៃមួយ
ញូតុនកំពុងអង្គុយសញ្ជប់សញ្ជឹងនៅក្រោមដើមប៉ោម ក្នុងសួនច្បារនៅឯផ្ទះនៅស្រុកស្រែ
ក៏ឃើញផ្លែប៉ោមរបេះពីមែកធ្លាក់ចុះមកលើដី។ នៅពេលនោះ មនុស្សម្នាជាទូទៅ
រាប់ទាំងអារីស្តូតផង តែងតែនាំគ្នាគិតថា
វត្ថុទាំងឡាយណាដែលមានទម្ងន់ដូចជាផ្លែប៉ោមនេះជាដើមតែងតែធ្លាក់ចុះមកក្រោម
គឺជារឿងធម្មតាទៅតាមក្រឹត្យក្រមនៃធម្មជាតិ។ ក៏ប៉ុន្តែ
ញូតុនវិញមិនបានស្កប់ចិត្តនឹងត្រឹមពាក្យថា
“វាជារឿងធម្មតាទៅតាមក្រឹត្យក្រមធម្មជាតិ” នេះទេ
តែបានចោទជាសំណួរកាន់តែស៊ីជម្រៅថែមទៀតថា
តើហេតុអ្វីបានជាផ្លែប៉ោមធ្លាក់ចុះមកដី ហើយមិនទៅលើ ឬក៏ទៅខាងឆ្វេង
ឬខាងស្តាំ?
សម្រាប់ញូតុន វាច្បាស់ណាស់ថា
ពិតជាមានកម្លាំងអ្វីមួយ ដែលទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកខាងក្រោម
គឺកម្លាំងដែលគេហៅថា “ទំនាញផែនដី” ក៏ប៉ុន្តែ
ញូតុនក៏មិនបានបញ្ឈប់តែត្រឹមនេះដែរ
ដោយបានចោទជាសំណួរជាគន្លឹះសំខាន់មួយបន្ថែមទៀតថា បើសិនជាផែនដីមានកម្លាំងទំនាញអាចទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកបាន
តើកម្លាំងនេះអាចមានឥទ្ធិពលទៅដល់ត្រឹមណា? តើកម្លាំងទំនាញនេះមានឥទ្ធិពលទៅដល់ព្រះចន្ទដែលនៅលើមេឃដែរឬទេ?
តើហេតុអ្វីបានជាព្រះចន្ទមិនធ្លាក់ចុះមកផែនដីដូចជាផ្លែប៉ោម?
ហើយផ្ទុយទៅវិញ តើហេតុអ្វីបានជាព្រះចន្ទមិនរសាត់ចេញពីគន្លងផែនដីទាំងស្រុង?
ញូតុនបានសញ្ជឹងគិតជុំវិញសំណួរទាំងនេះ
ដោយសិក្សាទៅលើករណីគ្រាប់ផ្លោង (Cannonball)។
ញូតុនគិតថា
ប្រសិនបើគេបាញ់កាំភ្លើងផ្លោងពីលើលើកំពូលភ្នំដ៏ខ្ពស់មួយ
ហើយបាញ់ក្នុងទិសដៅផ្តេកស្របនឹងផ្ទៃដី
បើសិនជាគ្មានឥទ្ធិពលពីកម្លាំងណាផ្សេងទៀតទេនោះ
គ្រាប់ផ្លោងគួរតែធ្វើដំណើរក្នុងគន្លងជាខ្សែបន្ទាត់ត្រង់ទៅមុខ។ ផ្ទុយទៅវិញ
ក្នុងការពិតជាក់ស្តែង គ្រាប់ផ្លោងធ្វើដំណើរក្នុងគន្លងជាខ្សែកោង
គឺឆ្ពោះទៅមុខហើយកោងចុះមកលើផ្ទៃដីវិញ។
នេះគឺដោយសារតែគ្រាប់ផ្លោងទទួលឥទ្ធិពលពីកម្លាំង២ក្នុងពេលតែមួយ
ហើយក្នុងទិសដៅកែងគ្នា គឺកម្លាំងដែលបាញ់ចេញទៅមុខ
និងកម្លាំងទំនាញផែនដីដែលទាញចុះទៅខាងក្រោម។
បើសិនជាគេបង្កើនកម្លាំងបាញ់កាន់តែខ្លាំង
គ្រាប់ផ្លោងមានល្បឿនកាន់តែលឿន ហើយធ្វើដំណើរបានកាន់តែឆ្ងាយ។
គ្រាប់ផ្លោងនៅតែធ្វើដំណើរក្នុងគន្លងជាខ្សែកោង ក៏ប៉ុន្តែ
ភាពកោងកាន់តែថយចុះ។ ចុងក្រោយ ញូតុនបានលើកជាសម្មតិកម្មមួយថា
ប្រសិនបើគេអាចរកវិធីបាញ់គ្រាប់ផ្លោងក្នុងល្បឿនមួយគ្រប់គ្រាន់អាចឲ្យគ្រាប់ផ្លោងធ្វើដំណើរក្នុងគន្លងជាខ្សែកោងមួយ
ដែលស្មើនឹងភាពកោងនៃភពផែនដី គ្រាប់ផ្លោងនេះនឹងធ្វើដំណើរវិលជុំវិញភពផែនដី
ហើយញូតុនគិតថា យន្តការនៃកម្លាំងទំនាញនេះ គឺជាយន្តការតែមួយ
ដែលធ្វើឲ្យព្រះចន្ទវិលក្នុងគន្លងជុំវិញផែនដី ហើយផែនដី
ព្រមទាំងភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ។ ឬអាចនិយាយបានម្យ៉ាងទៀតថា
កម្លាំងទំនាញដែលទាញផ្លែប៉ោមឲ្យធ្លាក់
និងទាញព្រះចន្ទឲ្យវិលជុំវិញភពផែនដី
វាមិនមែនជាកម្លាំងទំនាញដែលមានសម្រាប់តែផែនដីតែមួយនោះដែរ
តែជាកម្លាំងដែលមាននៅពេញក្នុងចក្រវាលទាំងមូល ដែលញូតុនកំណត់ថាជា
“កម្លាំងទំនាញសកល”។
ទ្រឹស្តីរបស់ញូតុន គឺជាគន្លឹះដ៏សំខាន់មួយ
ដើម្បីឆ្លើយនឹងចម្ងល់របស់អ្នកវិទ្យាសាស្រ្តជាច្រើនទាក់ទងនឹងចលនារបស់ភពជុំវិញព្រះអាទិត្យ
ក៏ប៉ុន្តែ នៅពេលនោះ ដោយសារតែញូតុនមិនយកទ្រឹស្តីទៅចុះផ្សាយ
មិនមានអ្នកណាបានដឹងពីការរកឃើញទ្រឹស្តីដ៏សំខាន់នេះទេ
ក្រៅតែពីញូតុនខ្លួនឯង។
នៅឆ្នាំ១៦៨៤ តារាវិទូអង់គ្លេសឈ្មោះ អ៊ែដម៉ុន ហ៊ែលី
បានជជែកវែកញែកគ្នាជាមួយនឹងអ្នកវិទ្យាសាស្រ្តពីររូបផ្សេងទៀត
ស្តីអំពីចលនារបស់ភពដែលធ្វើដំណើរក្នុងគន្លងជុំវិញព្រះអាទិត្យ។
អ្នកប្រាជ្ញទាំង៣រូប បាននាំគ្នាលើកឡើងពីទឡ្ហីករណ៍ជាច្រើន ក៏ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចបង្ហាញពីទ្រឹស្តីបទ
ឬរូបមន្ត ដែលអាចពន្យល់អំពីចលនាទាំងអស់នេះបាននោះទេ។
ប៉ុន្មានខែក្រោយមក ហ៊ែលីបានធ្វើដំណើរទៅខេមប៊្រិច
ដើម្បីជជែកជាមួយញូតុន ជុំវិញរឿងនេះ ហើយនៅក្នុងការជជែកនោះ
ហ៊ែលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដឹងថា
ញូតុនបានរកឃើញដំណោះស្រាយបំបែកចម្ងល់ស្តីពីចលនារបស់ភព
តាំងពីយូរណាស់មកហើយ ដោយថែមទាំងបានបង្កើតនូវទ្រឹស្តីបទ
និងរូបមន្តតាមបែបគណិតវិទ្យា ដើម្បីពន្យល់ពីចលនានេះថែមទៀតផង។
ក្រោយពីបានឃើញទ្រឹស្តី និងរូបមន្តដែលញូតុនកត់ត្រាទុកដោយដៃ
អ៊ែដម៉ុន ហ៊ែលី ក៏បានរាយការណ៍ទៅឲ្យរាជ្យបណ្ឌិតសភា (Royal Society)
បានដឹង
រួចហើយព្យាយាមបញ្ចុះបញ្ចូលញូតុនឲ្យយកស្នាដៃនេះទៅសរសេរលម្អិត
ដើម្បីបោះពុម្ពផ្សាយជាសៀវភៅ។ ញូតុនយល់ព្រម ហើយនៅឆ្នាំ១៦៨៧
សៀវភៅដែលមានចំណងជើងថា “Principia Mathematica” ត្រូវបានបោះពុម្ពផ្សាយមួយភាគដំបូង
មុននឹងចេញភាគទី២ និងទី៣ នៅឆ្នាំ១៧១៣ និងឆ្នាំ១៧២៦៕
ប្រភព៖ RFI Khmer