លោកអាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein) អ្នកប្រាជ្ញដ៏ល្បីនៅក្នុងសតវត្សរ៍ទី២០
ស្ដាប់ជាសំឡេង
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង
នៅសប្តាហ៍នេះ សេង ឌីណា សូមរៀបរាប់ជូនលោកអ្នកស្តាប់
អំពីប្រវត្តិអ្នកប្រាជ្ញដ៏ល្បីឈ្មោះមួយរូបទៀត គឺលោកអាល់ប៊ែរ អាញ់ស្តាញ់
ដែលជាអ្នករកឃើញទ្រឹស្តី នាំទៅដល់ការផលិតអាវុធនុយក្លេអ៊ែរ។
អាល់ប៊ែរ អាញ់ស្តាញ់
ធ្លាប់ជាក្មេងរៀនមិនបានលទ្ធផលល្អ រហូតត្រូវសាលាដេញចេញ
តែបានក្លាយជាអ្នកវិទ្យាសាស្រ្តដែលទទួលរង្វាន់ណូបែលខាងរូបវិទ្យា, ជាសកម្មជនសន្តិភាពនិយម តែបានបង្កើតទ្រឹស្តី
ដែលនាំទៅដល់ការផលិតអាវុធនុយក្លេអ៊ែរ ដែលជាអាវុធប្រល័យលោក...
នេះគឺជាប្រវត្តិនៃដំណើរជីវិតរបស់អ្នកប្រាជ្ញដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្ត
ចាប់តាំងពីក្រោយសម័យកាលអ៊ីសាក់ ញូតុន។
អាល់ប៊ែរ អាញ់ស្តាញ់ កើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៧៩
នៅទីក្រុងអ៊ូម (Ulm) ប្រទេសអាល្លឺម៉ង់
តែធំដឹងក្តីនៅក្នុងទីក្រុងមុយនិច។ អនាគតអ្នកប្រាជ្ញដ៏ល្បីមួយនេះ
កើតមកមិនមានលក្ខណៈពិសេសអ្វីឲ្យលើសពីក្មេងដទៃទៀតនោះទេ
គឺមានតែផ្ទុយទៅវិញ។ អាញ់ស្តាញ់ជាក្មេងដែលក្រចេះនិយាយ
រហូតធ្វើឲ្យឪពុកម្តាយព្រួយបារម្ភខ្លាំង ហើយនាំយកទៅជួបគ្រូពេទ្យ។
ទាល់តែដល់អាយុ ៣ ទៅ ៤ឆ្នាំ ទើបអាញ់ស្តាញ់ចេះនិយាយ។
នៅវ័យកុមារ នៅក្នុងពេលដែលក្មេងៗស្របាលគ្នានៅសម័យនោះ
ចូលចិត្តលេងច្បាំងគ្នា អាញ់ស្តាញ់វិញ ចូលចិត្តលេងសង់ផ្ទះ ជាពិសេស
សង់ផ្ទះជាច្រើនជាន់ដោយប្រើសន្លឹកបៀរ ហើយចូលចិត្តនៅតែឯង
អង្គុយសញ្ជប់សញ្ជឹង និងស្រមើស្រមៃ។ នៅក្នុងការស្រមើស្រមៃនេះ
អាញ់ស្តាញ់ចូលចិត្តគិតពីអ្វីៗដែលហួសពីការមើលឃើញដោយភ្នែក, ពីអ្វីៗដែលគេពិបាកនឹងពន្យល់ ហើយក្រោយមក ទម្លាប់គិតស្រមើស្រមៃនេះក៏ក្លាយទៅជាវិធីសាស្រ្តមួយ
ក្នុងការសិក្សាស្រាវជ្រាវរបស់អាញ់ស្តាញ់។
វិធីសាស្រ្តសិក្សាដែលគេឲ្យឈ្មោះថា “ការធ្វើពិសោធន៍ដោយគិតក្នុងចិត្ត” (Thought
Experiment)។
គ្រឿងលេងមួយទៀត
ដែលទាក់ទាញអារម្មណ៍អាញ់ស្តាញ់យ៉ាងខ្លាំងដែរកាលពីក្មេង គឺត្រីវិស័យ
ដែលអាញ់ស្តាញ់បានទទួលជាអំណោយពីឪពុក តាំងពីពេលមានអាយុទើបនឹងបាន ៤ ទៅ
៥ឆ្នាំ។ អាញ់ស្តាញ់មានការចម្លែកក្នុងចិត្តយ៉ាងខ្លាំង
នៅពេលដែលមើលឃើញទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសដៅមួយជាប់ជានិច្ច
គឺទិសខាងជើង។ អាញ់ស្តាញ់សាកល្បងគ្រប់មធ្យោបាយ
ដោយយកត្រីវិស័យទៅដាក់ពីកន្លែងមួយ ទៅកន្លែងមួយ ទាំងដាក់ផ្កាប់ ឬផ្ងា
ឬក៏ចាប់បង្វិលយ៉ាងណា ក៏ទ្រនិចរបស់វានៅតែត្រឡប់មករកកន្លែងដើម
គឺចង្អុលទៅទិសខាងជើង។ អាញ់ស្តាញ់ឆ្ងល់ខ្លាំងណាស់ ក៏សួរទៅឪពុកថា
តើហេតុអ្វីបានជាទ្រនិចត្រីវិស័យតែងតែចង្អុលទៅទិសតែមួយបែបនេះ? ឪពុករបស់អាញ់ស្តាញ់បានពន្យល់ថា ផែនដីយើង
គឺប្រៀបបាននឹងដែកឆក់ដ៏ធំមួយ
ដែលមានកម្លាំងម៉ាញេទិកទាញទ្រនិចត្រីវិស័យឲ្យចង្អុលទៅទិសខាងជើង។
អាញ់ស្តាញ់កាន់តែមានភាពអស្ចារ្យក្នុងចិត្តខ្លាំងឡើងថែមទៀត នៅពេលដែលដឹងថា
នៅជុំវិញខ្លួនយើងមានកម្លាំងដ៏ចម្លែកមួយ ដែលយើងមើលមិនឃើញ
តែមានឥទ្ធិពលអាចបង្វិលទ្រនិចត្រីវិស័យបាន។
អនុស្សាវរីយ៍ជាមួយនឹងត្រីវិស័យបានបន្តដក់ជាប់ក្នុងគំនិតរបស់អាញ់ស្តាញ់
រហូតដល់វ័យចំណាស់ក៏លោកនៅតែចងចាំ ហើយបានសរសេររំឭកថា
គឺចេញពីត្រីវិស័យនេះហើយ ដែលធ្វើឲ្យលោកមានគំនិតដក់ជាប់មករហូតថា
នៅពីខាងក្រោយអ្វីៗដែលយើងមើលឃើញដោយភ្នែក
គឺមានអ្វីៗជាច្រើនទៀតដែលយើងមើលមិនឃើញ។
ក្រៅពីកម្លាំងម៉ាញេទិក នៅមានកម្លាំងអរូបិយមួយទៀត
ដែលទាក់ទាញអារម្មណ៍អាញ់ស្តាញ់តាំងពីក្មេងមកដែរ គឺអគ្គិសនី។
ឪពុករបស់អាញ់ស្តាញ់ គឺជាវិស្វករ ហើយរួមជាមួយនឹងឪពុកមារបស់អាញ់ស្តាញ់
ពួកគាត់បានបង្កើតជាសហគ្រាសមួយ ដែលមានជំនាញខាងគ្រឿងអគ្គិសនី។
អាញ់ស្តាញ់មានការអស្ចារ្យក្នុងចិត្តចំពោះចរន្តអគ្គិសនី…
វាជារបស់ដែលគេមិនអាចមើលឃើញ តែមានអំណាចខ្លាំងអស្ចារ្យ
ហើយក្នុងពេលជាមួយគ្នា ក៏ពោរពេញទៅដោយគ្រោះថ្នាក់។ អាញ់ស្តាញ់ក៏មានចម្ងល់យ៉ាងច្រើនផងដែរទាក់ទងនឹងអគ្គិសនី
ដោយចោទជាសំណួរយ៉ាងច្រើន មិនចេះចប់មិនចេះហើយ ចំពោះឪពុក និងឪពុកមា។
តើអគ្គិសនីធ្វើឡើងពីអ្វី? មានល្បឿនលឿនប៉ុណ្ណា? តើគេមានវិធីអាចមើលវាឃើញដែរទេ? ។ល។ និង ។ល។
អាញ់ស្តាញ់កើតក្នុងត្រកូលជ្វីហ្វ តែមិនមែនជាអ្នកគោរពប្រតិបត្តិតាមសាសនានិងទំនៀមទម្លាប់ជ្វីហ្វនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ
អាញ់ស្តាញ់ត្រូវបានឪពុកម្តាយចុះឈ្មោះឲ្យចូលរៀននៅសាលាបឋមសិក្សាកាតូលិក
ដោយយល់ថា ជាសាលាដែលមានគុណភាព។
ការសិក្សារបស់អាញ់ស្តាញ់នៅថ្នាក់បឋមសិក្សាបានប្រព្រឹត្តទៅដោយរលូន
ដោយគ្មានចោទជាបញ្ហាអ្វីនោះទេ។ ក៏ប៉ុន្តែ អ្វីៗចាប់ផ្តើមប្រែប្រួល
នៅពេលចូលថ្នាក់អនុវិទ្យាល័យ។
គ្រូរបស់អាញ់ស្តាញ់មិនចូលចិត្តអាញ់ស្តាញ់ដែលចូលចិត្តសួរដេញដោលច្រើនហួសហេតុ
ហើយជាពិសេស គឺសួរពីរឿងដែលហួសពីកម្មវិធីសិក្សា ឬក្រៅកម្មវិធីសិក្សា។
ចំណែកឯអាញ់ស្តាញ់វិញ ក៏មិនចូលចិត្តសាលា៖
មិនចូលចិត្តទាំងការតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋាន
និងវិន័យតឹងតែងដូចសាលាទាហាន, មិនចូលចិត្តទាំងបរិយាកាសជុំវិញ
ដោយសារតែអាញ់ស្តាញ់មានគំនិតខុសគេ មានចំណាប់អារម្មណ៍ និងចំណូលចិត្តខុសគេ
ពិបាកក្នុងការរាប់អានមិត្ត និងជាពិសេស គឺអាញ់ស្តាញ់មិនចូលចិត្តការបង្រៀន
ដែលតម្រូវឲ្យមានការអាន និងទន្ទេញចាំមាត់
និងទាមទារឲ្យសិស្សគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីបង្រៀនរបស់គ្រូ
ដោយមិនបើកចំហឲ្យមានការចោទសួរ ឬជជែកដេញដោល។
បន្តិចម្តងៗ អាញ់ស្តាញ់ក៏មានការសោះល្វើយក្នុងការរៀនសូត្រ
លើកលែងតែមុខវិជ្ជាមួយ ដែលអាញ់ស្តាញ់ចូលចិត្តជាងគេ គឺគណិតវិទ្យា
ដោយសារតែវាជាមុខវិជ្ជាមួយ ដែលទាមទារឲ្យមានការត្រិរិះពិចារណា
ហើយមិនចេះតែអាន និងទន្ទេញចាំមាត់។
នៅពេលអាញ់ស្តាញ់មានអាយុ ១៦ឆ្នាំ ដោយសារតែមុខជំនួញរបស់ឪពុក
ក្រុមគ្រួសាររបស់អាញ់ស្តាញ់បានរើចេញពីអាល្លឺម៉ង់ទៅរស់នៅអ៊ីតាលី
ក៏ប៉ុន្តែ ឪពុករបស់អាញ់ស្តាញ់ដែលមានក្តីស្រមៃចង់ឲ្យកូនក្លាយជាវិស្វករ
ក៏បានទុកឲ្យអាញ់ស្តាញ់បន្តការរៀនសូត្រនៅទីក្រុងមុយនិចតែម្នាក់ឯង។
ការបែកពីក្រុមគ្រួសារបានធ្វើឲ្យអាញ់ស្តាញ់មានភាពកណ្តោចកណ្តែង
ហើយរួមជាមួយនឹងការមិនចូលចិត្តសាលាស្រាប់ អាញ់ស្តាញ់ក៏រៀនលែងចូល
ហើយជារឿយៗ តែងតែរងទណ្ឌកម្ម ដោយការធ្វើល្មើសនឹងវិន័យសាលា។
អាញ់ស្តាញ់មានផ្នត់គំនិតមួយថា ការស្តាប់តែតាមបញ្ជាគ្រូ
ឬគោរពតាមតែវិន័យដោយមិនគិតពិចារណា
វាគឺជាសត្រូវដ៏ធំបំផុតនៃការស្វែងរកសេចក្តីពិត។ នៅទីបំផុត
អាញ់ស្តាញ់ក៏ត្រូវគេបណ្តេញចេញពីសាលាឈប់ឲ្យរៀនតទៅទៀត។
ការបណ្តេញចេញពីសាលា
បើទោះបីជាសាលាដែលអាញ់ស្តាញ់មិនចូលចិត្ត តែវាជាបទពិសោធន៍ដ៏ជូរចត់មួយ
សម្រាប់អាញ់ស្តាញ់។ អាញ់ស្តាញ់ខឹងនឹងគ្រូ ព្រមទាំងមានភាពអាម៉ាស់
និងខកចិត្តចំពោះខ្លួនឯង ដែលទទួលបរាជ័យនៅសាលា។ ក៏ប៉ុន្តែ
នៅក្នុងពេលជាមួយគ្នា អាញ់ស្តាញ់ក៏សប្បាយចិត្តដែរ...
សប្បាយចិត្តនឹងបានទៅរស់នៅជួបជុំគ្រួសារនៅអ៊ីតាលី៕
ប្រភព៖
RFI Khmer