លោក​រ៉ូបឺត ហ៊ូក អ្ន​កវិទ្យាសាស្រ្ត​អង់គ្លេស ដែល​ជា​គូជម្លោះ​ដ៏ធំ​របស់​ញូតុន

ស្ដាប់ជាសំឡេង

នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​ភាព​ចម្រូងចម្រាស​មួយ​ចំនួន នៅ​ក្នុង​​​ដំណើរជីវិត​របស់​ញូតុន ទាំង​ជីវិត​ផ្ទាល់ខ្លួន និង​ក្នុង​អាជីព​ជា​អ្ន​កវិទ្យាសាស្រ្ត។

ញូតុន​ត្រូវបានគេ​ស្គាល់​ថា​ជា​អ្នកប្រាជ្ញ​​ដែល​មាន​ជំនាញ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ជាទូទៅ ហើយ​បាន​បង្កើត​ស្នាដៃ​ជាច្រើន នៅ​ក្នុង​ផ្នែក​ខុសៗគ្នា ទាំង​​ខាង​គណិតវិទ្យា (ដូចជា ការ​បង្កើត​ទ្រឹស្តី​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល) ខាងផ្នែក​អុបទិក (ជាពិសេស ការ​បង្កើត​តេឡេស្កុប​ប្រភេទ​ថ្មី និង​ការ​សិក្សា​ទៅលើ​ពណ៌​និង​ពន្លឺ) និង​ទាំងខាងផ្នែក​រូបវិទ្យា​និង​តារាសាស្រ្ត។

ស្នាដៃ​របស់​ញូតុន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ គឺ​ទាក់ទង​នឹង​កម្លាំង​ទំនាញ​សកល និង “​ច្បាប់​នៃ​ចលនា”។ ច្បាប់​នៃ​ចលនា​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ចេញ​ពី​ទ្រឹស្តី​របស់​កាលីលេ​ត្រូវ​បានញូតុន​យក​មក​សិក្សា​លម្អិត​ហើយ​បង្កើត​ជា​ទ្រឹស្តី​សំខាន់ៗ​ចំនួន៣។

ទ្រឹស្តីទី១​កំណត់​ថា វត្ថុមួយ​ដែលនៅនឹងថ្កល់​គ្មាន​ចលនា​នឹងនៅតែ​​បន្ត​ស្ថិតនៅ​នឹងថ្កល់​គ្មានចលនា ហើយ​វត្ថុ​​ដែល​មាន​ចលនា​នឹង​នៅតែ​បន្ត​មាន​ចលនា​នៅ​ក្នុង​ទិសដៅ​និង​ល្បឿន​ដដែល លុះត្រាតែមាន​អន្តរាគមន៍​ពី​កម្លាំង​មក​ពី​ខាងក្រៅ។ ទ្រឹស្តីទី២​កំណត់​ថា កម្លាំង​​គឺ​ស្មើ​នឹង​ម៉ាស​គុណ​នឹង​សន្ទុះ។ ចំណែក​ឯ​ទ្រឹស្តីទី៣​កំណត់​ថា រាល់​កម្លាំង​នៃ​វត្ថុមួយ​ទៅលើ​វត្ថុណាមួយ​ផ្សេងទៀត គឺ​តែងតែ​មាន​​ប្រតិកម្ម​​​ជា​កម្លាំងស្មើគ្នា​តបមកវិញ។

ទ្រឹស្តី​អស់ទាំងនេះ​ត្រូវ​បាន​ញូតុន​ចងក្រង​ជាសៀវភៅ ដែល​មាន​ចំណងជើង​ថា Principiaហើយ​ចេញផ្សាយ​ជាលើកដំបូង នៅ​ឆ្នាំ​១៦៨៧។ ក្រោយ​ពី​មាន​ការ​ចេញផ្សាយ​សៀវភៅ Principia នេះហើយ​ ដែល​កេរ្តិ៍ឈ្មោះ​របស់​ញូតុន​ចាប់ផ្តើម​ល្បីរន្ទឺ នៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត ទាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​នៅលើ​ឆាកអន្តរជាតិ។

នៅឆ្នាំ១៦៨៩ ញូតុន​ត្រូវ​បាន​ក្លាយ​ជា​សមាជិក​សភា​អង់គ្លេស ហើយ​នៅ​ឆ្នាំ​១៧០៣ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society) និង​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតវិទ្យាសាស្រ្ត​វិទ្យាសាស្រ្ត​បារាំង។

ព្រមជាមួយ​នឹង​ភាពល្បីល្បាញ​នេះ ជីវិត​របស់​ញូតុន​ក៏​ពោរពេញទៅដោយ​ភាពចម្រូងចម្រាស​យ៉ាងច្រើន​ផងដែរ ជាពិសេស គឺ​ជម្លោះ​ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ផ្សេងទៀត។ ជម្លោះ​ដ៏ខ្លាំងក្លា​ជាងគេ ហើយ​ដែល​ជា​បញ្ហា​ចម្រូងចម្រាស​តាមជាប់​នឹង​ជីវិត​របស់​ញូតុន ព្រមទាំង​ដក់​ជាប់នឹង​ប្រវត្តិ​របស់​​ញូតុន​​ក្រោយៗមកទៀត គឺ​ជម្លោះ​ជាមួយ រ៉ូបឺត ហ៊ូក (Robert Hooke) និង​ជម្លោះ​ជាមួយ ហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibnitz)

រ៉ូបឺត ហ៊ូក គឺ​ជា​អ្នក​ប្រាជ្ញអង់គ្លេស ហើយ​ដែល​គេ​អាច​និយាយ​ថា​ជា​រៀមច្បង​របស់​ញូតុន ជាពិសេស នៅ​បណ្ឌិតសភា​វិទ្យាសាស្រ្ត ដែល​រ៉ូបឺត​ ហ៊ូក មាន​តួនាទី​ដ៏សំខាន់ តាំង​ពីមុន​ពេល​ដែល​ញូតុន​​បាន​ចូល​ជា​សមាជិកទៅទៀត។

នៅ​បណ្ឌិតសភា​វិទ្យាសាស្រ្ត រ៉ូបឺត ហ៊ូក មានតួនាទី​ជា​អ្នក​ធ្វើ​ពិសោធន៍។ ធ្វើ​ពិសោធន៍​សម្រាប់ខ្លួនឯង ឬ​ធ្វើ​ពិសោធន៍​ទៅ​តាម​សំណើ​​របស់​អ្នក​វិទ្យាសាស្រ្ត​ផ្សេងទៀត ឬ​ក៏​ធ្វើ​ពិសោធន៍​ដើម្បី​ផ្ទៀងផ្ទាត់​​ទ្រឹស្តី​ថ្មីៗ​ដែល​គេ​ទើប​នឹង​រកឃើញ។ នៅ​ក្នុង​បរិបទនេះ​ហើយ​ដែល​ជម្លោះ​ រវាង​រ៉ូបឺត ហ៊ូក និង​ញូតុន​ បាន​ចាប់ផ្ទុះឡើង នៅ​អំឡុង​ឆ្នាំ១៦៧២ នៅពេល​ដែល​ញូតុន​បាន​ចូល​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្រ្ត ហើយ​ជម្លោះ​នេះ​កើតចេញ​ដំបូង ពី​ទ្រឹស្តី​ទាក់ទង​នឹង​​ពន្លឺ។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៦៦៦ ញូតុន​បាន​ចំណាយពេល​សិក្សា​​លម្អិត​ទៅលើ​ចំណាំងផ្លាត​នៃ​ពន្លឺ។ តាមរយៈ​ការពិសោធន៍​ ញូតុន​បាន​រកឃើញ​ថា ពន្លឺថ្ងៃ​ ដែល​យើង​មើល​ទៅ​ឃើញ​ថា​មាន​ពណ៌​ ស តាមការពិត​ទៅ គឺ​ផ្សំឡើង​ដោយពន្លឺ ដែល​មាន​ចម្រុះពណ៌​គ្នា។ ប្រសិន​បើ​គេ​ឲ្យ​ពន្លឺថ្ងៃ​ចាំង​កាត់​តាម​កែវចំណាំងផ្លាត (Prisme) ពន្លឺនេះ​នឹង​ចាំងចេញមកវិញ ដោយ​បំបែកទៅ​ជា​ពណ៌​ដើម​រៀងៗខ្លួន ដែល​មាន​តាំង​ពី​ពណ៌ ក្រហម លឿង បៃតង ខៀវ ​ស្វាយ ពោលគឺ​ពណ៌​ឥន្ទធនូ។ តាមការពិត គឺ​ចំណាំងផ្លាត​នៃ​ពន្លឺព្រះអាទិត្យ​ដែល​​ចាំងកាត់​តាម​តំណក់​ទឹកភ្លៀង ដែល​បង្កើត​ទៅ​ជា​​​ឥន្ទធនូ។

ចេញ​ពី​ការ​សិក្សា​ទៅលើ​ពណ៌ និង​​ចំណាំងផ្លាតនៃ​ពន្លឺ​នេះ ញូតុន​បាន​រកឃើញ​នូវ​វិធីសាស្រ្ត​ថ្មីមួយ ដែល​អាច​បង្កើត​តេឡេស្កុប​ដែល​មាន​ប្រសិទ្ធភាព​ល្អ​ដាច់ឆ្ងាយ​ជាង​ប្រភេទ​តេឡេស្កុប ដែល​បង្កើត​ឡើង​ដោយ​កាលីលេ។ នៅឆ្នាំ១៦៧២ ទៅតាម​សំណើ​របស់​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស​ ញូតុន​បាន​យក​លទ្ធផល​នៃ​ការ​សិក្សា​របស់​លោក​ទៅ​ដាក់​បង្ហាញ​ដល់​សមាជិក​ផ្សេងទៀត ក្នុង​បណ្ឌិតសភា។ នៅពេលនោះ ទ្រឹស្តី​នៃ​ពន្លឺ និង​តេឡេស្កុប​របស់​ញូតុន​បាន​ទទួល​នូវការ​កោតសើរសើរ​ពី​សំណាក់​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​ផ្សេងទៀត ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា​ ក៏មានដែរ​ការ​រិះគន់។ ការរិះគន់​ខ្លាំងជាងគេ គឺ​ចេញ​ពី​រ៉ូបឺត ហ៊ូក។

រ៉ូបឺត ហ៊ូក បានបង្ហាញ​នូវ​ការ​ឯកភាព​ទៅលើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ញូតុន​ជាទូទៅ ក៏ប៉ុន្តែ បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ទៅលើ​ភាព​ត្រឹមត្រូវ​នៃ​វិធីសាស្រ្ត​ក្នុង​ការ​ធ្វើ​ពិសោធន៍​របស់​ញូតុន។ តាមការពិត នេះ​គឺ​ជា​រឿងធម្មតា នៅ​ក្នុង​ចំណោម​អ្ន​កវិទ្យាសាស្រ្ត។ ក៏ប៉ុន្តែ រវាង​ញូតុន និង​ហ៊ូក ដែល​សុទ្ធសឹង​ជា​មនុស្ស​ចិត្តស្រាល ឆេវឆាវ និង​មាន​មោទនភាព​លើ​ខ្លួនឯង​ខ្លាំង​ដូចគ្នា ការរិះគន់​តាមលក្ខណៈ​ធម្មតានេះ បានប្រែក្លាយ​ជា​ការ​បោះពាក្យសម្តីដាក់គ្នា​ទៅវិញ​ទៅមក ហើយ​រាលដាល​ទៅ​ជា​ជម្លោះ​ដ៏ក្តៅគគុក។

ក្រោយមកទៀត ជម្លោះ​នេះ​បានរាលដាល​កាន់តែ​ខ្លាំង ទៅដល់​ប្រធានបទមួយ​ទៀត គឺ​ទ្រឹស្តី​នៃ​កម្លាំង​ទំនាញសកល ដែល​ញូតុន និង​ហ៊ូក បាន​ចោទគ្នាទៅវិញទៅមក ដោយ​ម្នាក់​ចោទម្នាក់ទៀត​ថា​ លួច​ចម្លង​ស្នាដៃ​របស់ខ្លួន ​រហូត​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញទាំងពីរ​​យក​គ្នា​ជា​សត្រូវ​អស់មួយជីវិត។

លោក​ ហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibniz) អ្នក​ប្រាជ្ញ​អាល្លឺម៉ង់ ដែល​មាន​ជម្លោះ​ជាមួយ​ញូតុន ទាក់ទង​នឹង​ ​​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល

ក្រៅពី​ជម្លោះ​ជាមួយ​រ៉ូបឺត ហ៊ូក ញូតុន​មាន​បញ្ហា​ដ៏សែន​ចម្រូងចម្រាស​មួយ​ទៀត គឺ​ជម្លោះ​ជាមួយ​​អ្ន​កប្រាជ្ញ​អាល្លឺម៉ង់ ឈ្មោះ ហ្កតហ្វ្រីដ ឡែបនីតស៍ ​​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល។

ញូតុន​បាន​ធ្វើការ​សិក្សា​រហូត​បង្កើត​បាន​ជា​ទ្រឹស្តី​សំខាន់ៗ​ទាក់ទង​នឹង​ប្រធានបទ​នេះ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៦៦៥ដល់​ឆ្នាំ១៦៦៧ ពោលគឺ ក្នុង​រយៈពេល​ពីរឆ្នាំ​ដែល​សកលវិទ្យាល័យបិទទ្វារ​ដោយសារ​ជំងឺ​រាតត្បាត ហើយ​ដែល​ញូតុន​វិលត្រឡប់​ទៅរស់​នៅ​ផ្ទះ​ឯស្រុកស្រែ។ ក៏ប៉ុន្តែ នៅពេលនោះ និង​រយៈពេល​ជាច្រើន​ឆ្នាំក្រោយៗ​មក​ទៀត ញូតុន​មិនដែល​យក​ស្នាដៃ​នេះ​ទៅ​ចុះផ្សាយ​ជា​សាធារណៈនោះទេ។

នៅ​​ឆ្នាំ​១៦៧៥ ហ្កតហ្វ្រីដ ឡែបនីតស៍ ក៏​​បាន​ធ្វើការ​សិក្សា​លើការ​គណនា​ឌីហ្វេរ៉ង់ស្យែល និង​អាំងតេក្រាល​​​នេះ​ដែរ ក៏ប៉ុន្តែ ខុសពី​ញូតុន ឡែបនីតស៍​បាន​យក​ទ្រឹស្តី​ដែល​ខ្លួន​បង្កើត​បាន​ទៅចុះផ្សាយ​ជា​សាធារណៈ នៅ​ឆ្នាំ​១៦៨៤។ ចាប់ពី​ពេលនោះហើយ ដែល​សាធារណជន​ចាប់ផ្តើម​ឮ​ពី​ទ្រឹស្តី​នៃ​ការ​គណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល ហើយ​ចាប់ពីពេល​នោះហើយ​ដែរ​ដែល​ជម្លោះ​​បាន​ផ្ទុះឡើង រវាង​ញូតុន និង​ឡែបនីតស៍ ដោយ​ចោទគ្នា​ពី​រឿង​លួចចម្លង​ស្នាដៃ។

មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​ប្រវត្តិសាស្រ្ត​បាន​ទទួលស្គាល់​ជាទូទៅ​ថា ញូតុន និង​ឡែបនីតស៍​បាន​ធ្វើការ​សិក្សា​និង​រកឃើញ​ទ្រឹស្តី​នៃ​ការ​គណនាឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល ដាច់ដោយឡែកពីគ្នា ដោយ​មិនមាន​អ្នកណា​លួចចម្លង​អ្នកណា​នោះទេ។ ក៏ប៉ុន្តែ កាលពីពេលនោះ ជម្លោះ​រវាង​ញូតុន និង​ឡែបនីតស៍​ គឺ​មាន​សភាព​ជូរចត់​បំផុត ជាពិសេស ញូតុន​ដែល​ជា​មនុស្ស​មិនសូវ​ចេះ​ទទួល​ការរិះគន់ និង​មាន​ស្ថានភាពផ្លូវចិត្ត​ផុយស្រួយ​ផងនោះ បាន​ធ្វើការ​វាយប្រហារ​យ៉ាងធ្ងន់ៗ​បំផុត​ទៅលើ​ឡែបនីតស៍។

ញូតុន​ថែម​ទាំង​បាន​ប្រើប្រាស់​ឥទ្ធិពល​​​ជា​ប្រធានបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស រៀបចំ​ឲ្យ​មាន​គណៈកម្មការ​មួយ ដែល​មាន​ឈ្មោះ​ជា​គណៈកម្មការ​ឯករាជ្យ ក៏ប៉ុន្តែ បាន​ធ្វើការ​សិក្សា​និង​សរសេររបាយការណ៍​ដែល​មាន​ភាព​លម្អៀង​ទៅ​ខាង​ញូតុន ហើយ​​កំណត់​ឲ្យ​ឡែបនីតស៍​ជា​អ្នក​ខុស។

ភាពចម្រូងចម្រាស​នេះ​នៅតែ​បន្ត​តាម​ជាប់​ក្នុង​ជីវិត​របស់ញូតុន ក្នុងរយៈពេល​ប្រមាណ​ជា ២៥ឆ្នាំក្រោយ​មក​ទៀត ហើយ​បើទោះបីជា​ក្រោយ​ពេល​ដែល​ឡែបនីតស៍​ទទួលមរណភាព​បាត់ទៅ​នៅ​ឆ្នាំ​១៧១៦ក៏ដោយ ក៏​ញូតុន​នៅតែ​បន្ត​អរិភាព​ជាមួយ​ឡែបនីតស៍​តទៅទៀត៕

 

 ប្រភព៖ RFI Khmer