អាល់ប៊ែរ អាញ់ស្តាញ់ កាលពីក្មេង អាយុ ១៤ឆ្នាំ |
ស្ដាប់ជាសំឡេង
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង
នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់ពីប្រវត្តិរបស់លោកអាល់ប៊ែរ
អាញ់ស្តាញ់តទៅទៀត ដោយសូមលើកឡើង ពីដំណើរជីវិតរបស់លោកនៅអ៊ីតាលី
ក្រោយពីត្រូវគេបណ្តេញចេញពីសាលានៅអាល្លឺម៉ង់។
នៅចុងឆ្នាំ១៨៩៤ អាញ់ស្តាញ់ ដែលរៀនមិនចប់ថ្នាក់វិទ្យាល័យផងនោះ
បានចាកចេញប្រទេសអាល្លឺម៉ង់ ហើយធ្វើដំណើរទៅរស់នៅជួបជុំជាមួយគ្រួសារ
នៅប៉ែកខាងជើងប្រទេសអ៊ីតាលី។ ទៅដល់មិនយូរប៉ុន្មានផង
អាញ់ស្តាញ់បានដាក់ចិត្តស្រឡាញ់ប្រទេសអ៊ីតាលី
ដែលជាប្រទេសមិនប្រកាន់ទំនៀមទម្លាប់ និងវិន័យតឹងរ៉ឹងដូចអាល្លឺម៉ង់
ហើយប្រជាជនអ៊ីតាលីក៏មានភាពរាក់ទាក់ និងចិត្តគំនិតបើកចំហ
ដែលត្រូវនឹងផ្នត់គំនិតរបស់អាញ់ស្តាញ់។
នៅក្នុងដែនដីដែលជាប្រភពអ្នកប្រាជ្ញសម័យកាល La Renaissance
នេះ អាញ់ស្តាញ់រស់នៅក្នុងជីវិតមួយពោរពេញដោយភាពរីករាយ...
រីករាយនឹងការទស្សនាការប្រគុំតន្រ្តីបុរាណ, រីករាយនឹងការទស្សនាសារៈមន្ទីរ
និងជាពិសេស រីករាយនឹងការមានពេលវេលាគិតពិចារណា
និងអានសៀវភៅទៅតាមចិត្តចង់។ នៅពេលនោះ
អាញ់ស្តាញ់ផ្តោតអារម្មណ៍ខ្លាំងទៅនឹងការសិក្សាឈ្វេងយល់
ពីប្រវត្តិអ្នកប្រាជ្ញមុនៗ ជាពិសេស អ្នកប្រាជ្ញដែលទទួលរងនូវការរិះគន់
ឬការដាក់ទោស ដោយសារតែប្រកាន់គំនិតផ្ទុយពីជំនឿ និងទំនៀមទម្លាប់ចាស់
រួមមានដូចជា តារាវិទូប៉ូឡូញ នីកូឡា កូពែរនិក និងអ្នកប្រាជ្ញអ៊ីតាលី កាលីលេ
ជាដើម។
សម្រាប់មនុស្សដូចជាអាញ់ស្តាញ់ ដែលចូលចិត្តមានសិទ្ធិសេរីភាពពេញលេញក្នុងការគិតពិចារណា
អានសៀវភៅ និងសិក្សាឈ្វេងយល់ទៅលើប្រធានបទតាមតែខ្លួនចង់
ដោយមិនបារម្ភពីការគោរពវិន័យសាលា និងការបង្រៀនរបស់គ្រូ
គ្មានអ្វីដែលសប្បាយជាងជីវិត “អ្នកប្រាជ្ញក្រៅសាលា"
ដូចជានៅអ៊ីតាលីនេះទេ។ ក៏ប៉ុន្តែ
ជីវិតសប្បាយរីករាយនេះមិនស្ថិតស្ថេរនៅបានយូរប៉ុន្មាននោះទេ។
កិច្ចការរកស៊ីរបស់ឪពុកអាញ់ស្តាញ់ត្រូវទទួលបរាជ័យជាបន្តបន្ទាប់
ហើយជីវភាពគ្រួសារក៏ចាប់ផ្តើមធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។
អាញ់ស្តាញ់ក៏ចាប់ផ្តើមខ្វាយខ្វល់ពីដំណើរជីវិតទៅថ្ងៃអនាគត។
អាញ់ស្តាញ់ដឹងច្បាស់ថា
លោកមិនអាចបន្តរស់នៅដោយពឹងលើឪពុកម្តាយបែបនេះតទៅទៀតបានទេ
ហើយការរស់នៅតាមរបៀបរបស់លោក នៅអ៊ីតាលីនេះ
ថ្វីដ្បិតតែវាជាដំណើរជីវិតដ៏រីករាយមួយ
ហើយលោកក៏អាចកើនចំណេះដឹងច្រើនជាងកាលពីរៀននៅសាលាទៅទៀត ក៏ប៉ុន្តែ វាមិនអាចផ្តល់ឱកាស
ក្នុងការស្វែងរកការងារធ្វើ ដើម្បីបានលុយមកចិញ្ចឹមជីវិតបាននោះដែរ។
ក្រោយពីបានគិតពិចារណាយ៉ាងល្អិតល្អន់
អាញ់ស្តាញ់ក៏បានកំណត់ក្នុងចិត្តថានឹងចាប់យកអាជីពជាសាស្រ្តាចារ្យខាងរូបវិទ្យា
ក៏ប៉ុន្តែ ដើម្បីអាចធ្វើជាសាស្រ្តាចារ្យបាន
លោកចាំបាច់ត្រូវតែត្រឡប់ទៅចូលរៀននៅសាលាវិញ។
អាញ់ស្តាញ់ចូលចិត្តសាលានៅអ៊ីតាលី តែលោកមានចំណោទខាងភាសា។
ដូច្នេះហើយទើបលោកសម្រេចចិត្តទៅរៀន នៅស្វ៊ីស
ដែលជាសាលាមានផ្នត់គំនិតសេរីនិយមប្រហាក់ប្រហែលនឹងអ៊ីតាលី
តែល្អត្រង់និយាយភាសាអាល្លឺម៉ង់។
អាញ់ស្តាញ់បានសន្យាជាមួយឪពុកម្តាយថានឹងខិតខំរៀនដោយខ្លួនឯងនៅផ្ទះ
ដើម្បីប្រឡងចូលរៀននៅសាលាប៉ូលីតិចនិចក្រុងហ្ស៊ូរិច
ដែលជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយខាងផ្នែកវិស្វកម្ម និងវិទ្យាសាស្រ្តទូទៅ។
ក៏ប៉ុន្តែ ការប៉ុនប៉ងប្រឡងចូលសាលាប៉ូលីតិចនិចនេះត្រូវទទួលបរាជ័យ
ដោយនៅក្នុងការប្រឡង នៅឆ្នាំ១៨៩៥ អាញ់ស្តាញ់បានពិន្ទុល្អតែខាងគណិតវិទ្យា
និងរូបវិទ្យា ចំណែកឯមុខវិជ្ជាផ្សេងទៀតធ្លាក់ទាំងអស់។
អគារសាលាប៉ូលីតិចនិចហ្ស៊ូរិច (ស្វីស) ដែលអាញ់ស្តាញ់រៀនបានសញ្ញាបត្រជាសាស្ត្រាចារ្យរូបវិទ្យា នៅឆ្នាំ១៩០០ |
ទោះជាយ៉ាងណា
អាញ់ស្តាញ់ក៏មិនសុខចិត្តបោះបង់ការព្យាយាមតែត្រឹមនោះដែរ
ដោយបានទៅរៀនត្រៀមមួយឆ្នាំ មុននឹងត្រឡប់មកប្រឡងម្តងទៀត នៅឆ្នាំ១៨៩៦
ហើយបានជាប់ចូលរៀនសាលាប៉ូលីតិចនិចហ្ស៊ូរិច។
នៅក្នុងអំឡុងពេលជាមួយគ្នានោះ
អាញ់ស្តាញ់បានសម្រេចចិត្តបោះបង់ចោលសញ្ជាតិអាល្លឺម៉ង់
ដែលជាសញ្ជាតិកំណើត ហើយដាក់ពាក្យសុំសញ្ជាតិស្វ៊ីស។ សញ្ជាតិស្វ៊ីស
ដែលអាញ់ស្តាញ់ទទួលបាន នៅឆ្នាំ១៩០១
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ។
នៅសាលាប៉ូលីតិចនិកក្រុងហ្ស៊ូរិច
អាញ់ស្តាញ់បានបង្កើតនូវទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តរួមថ្នាក់ម្នាក់មានដើមកំណើតមកពីស៊ែរប៊ី
គឺ មីឡេវ៉ា ម៉ារីច ដែលជាសិស្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់
តែជាសិស្សដ៏ពូកែម្នាក់។ អាញ់ស្តាញ់ និង មីឡេវ៉ា ម៉ារីច
ចំណាយពេលច្រើនរៀនជាមួយគ្នា ជជែកដេញដោលគ្នាពីរូបវិទ្យា ហើយបន្តិចម្តងៗ
ភាពជិតស្និទ្ធិនៅក្នុងទំនាក់ទំនងក្នុងការសិក្សាក៏បានរាលដាលទៅជាទំនាក់ទំនងផ្ទាល់ខ្លួន។
អ្នកទាំងពីរចាប់ចិត្តស្រឡាញ់គ្នា ហើយសន្យាថានឹងរៀបការនឹងគ្នា
នៅក្រោយពេលបញ្ចប់ការសិក្សា។
នៅឆ្នាំ១៩០០ ក្នុងវ័យ ២១ឆ្នាំ អាញ់ស្តាញ់បានប្រឡងជាប់
ទទួលសញ្ញាបត្រជាសាស្រ្តចារ្យខាងរូបវិទ្យា។
នេះគួរតែជាការបើកទំព័រជីវិតដ៏មានសុភមង្គលមួយសម្រាប់អាញ់ស្តាញ់។
អាញ់ស្តាញ់មានគូស្នេហ៍, មានសញ្ញាបត្រក្នុងដៃ, អាចចាប់អាជីពជាសាស្រ្តាចារ្យទៅតាមក្តីស្រមៃ
និងអាចរៀបការសាងគ្រួសារជាមួយគូស្នេហ៍... ក៏ប៉ុន្តែ
អ្វីៗមិនបានដំណើរការទៅតាមក្តីបំណងទាំងអស់នេះទេ។
ក្នុងរយៈពេលប្រមាណជាជិត២ឆ្នាំចាប់តាំងពីបញ្ចប់ការសិក្សា
អាញ់ស្តាញ់ដាក់ពាក្យសុំបង្រៀននៅគ្រប់កន្លែង ក៏ប៉ុន្តែ គ្មានសាលាណាមួយទទួលឲ្យអាញ់ស្តាញ់ធ្វើជាសាស្រ្តាចារ្យនោះទេ។
អាញ់ស្តាញ់ក្លាយជាអ្នកអត់ការងារធ្វើដើរទាត់ខ្យល់
ហើយក្រុមគ្រួសារដែលកំពុងឆ្លងកាត់បញ្ហាក្នុងការរកស៊ីផងនោះក៏មិនអាចផ្ញើលុយកាក់មកជួយបាន។
អាញ់ស្តាញ់ត្រូវធ្លាក់ក្នុងងថង
មានផង កុំថាឡើយដល់មានលុយទៅរៀបការ
និងចិញ្ចឹមគ្រួសារ។
អាញ់ស្តាញ់ចាប់ផ្តើមអស់សង្ឃឹមក្នុងជីវិត
ហើយនៅក្នុងសំបុត្រខ្លះដែលផ្ញើទៅក្រុមគ្រួសារដែលនៅអ៊ីតាលី
អាញ់ស្តាញ់ថែមទាំងបានសរសេរថា លោកមិនគួរនឹងចាប់កំណើតនៅលើលោកនេះទេ
ពីព្រោះថា ជីវិតរបស់លោកគឺគ្មានន័យអ្វីទាំងអស់។
ទុក្ខជាន់លើទុក្ខ!
នៅក្នុងពេលដែលអាញ់ស្តាញ់កំពុងតែប្រឈមមុខនឹងភាពអត់ការងារធ្វើ
និងជីវភាពតោកយ៉ាក ឪពុករបស់អាញ់ស្តាញ់ក៏ស្រាប់តែទទួលមរណភាព
ដោយជំងឺគាំងបេះដូង ដែលជាហេតុធ្វើឲ្យខ្សែជីវិតរបស់អាញ់ស្តាញ់កាន់តែត្រូវកណ្តោចកណ្តែងថែមមួយជាន់ទៀត។
ប្រឈមមុខនឹងជីវភាពតោកយ៉ាក
អាញ់ស្តាញ់ក៏សម្រេចចិត្តបោះបង់ក្តីបំណងចង់ធ្វើជាសាស្រ្តាចារ្យរូបវិទ្យា
ហើយសុខចិត្តទទួលយកការងារជាជំនួយការបច្ចេកទេស
នៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម (Swiss Patent Office) ដែលជាស្ថាប័នរដ្ឋស្វីស ទទួលបន្ទុកត្រួតពិនិត្យ
និងចុះបញ្ជីការពារសិទ្ធិលើរូបមន្តវិទ្យាសាស្រ្ត ឬការច្នៃប្រឌិតថ្មីៗណាមួយ
ទៅតាមការស្នើសុំរបស់ម្ចាស់ស្នាដៃ។
វាមិនមែនជាអាជីពក្នុងក្តីស្រមៃរបស់អាញ់ស្តាញ់នោះទេ តែទោះជាយ៉ាងណាវាក៏ជាការងារ
ដែលអាចផ្តល់ប្រាក់ខែគ្រប់គ្រាន់ ក្នុងផ្គត់ផ្គង់ជីវភាព
និងអាចចិញ្ចឹមគ្រួសារបាន។
ក្រោយពីបានការងារធ្វើ
អាញ់ស្តាញ់បានរៀបការជាមួយមីឡេវ៉ា ម៉ារីច នៅឆ្នាំ១៩០៣
ជាមួយនឹងចំណងដៃកូនប្រុសទីមួយ នៅឆ្នាំ១៩០៤ មុននឹងកើតបានកូនប្រុសទីពីរ
៦ឆ្នាំក្រោយមកទៀត៕
ប្រភព៖
RFI Khmer