រូបគំនូរបង្ហាញពីលោកអ៊ីសាក់ ញូតុន អ្នកប្រាជ្ញអង់គ្លេសដ៏ល្បីល្បាញខាងរូបវិទ្យា
ស្ដាប់ជាសំឡេង
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង
នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង
អំពីប្រវត្តិនៃអ្នកប្រាជ្ញដ៏ល្បីឈ្មោះមួយទៀត គឺលោកអ៊ីសាក់ ញូតុន
ដែលត្រូវបានគេស្គាល់ជាទូទៅតាមរយៈទ្រឹស្តីនៃកម្លាំងទំនាញសកល និង
ច្បាប់នៃចលនា។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៦៤២
ឆ្នាំតែមួយដែលកាលីលេទទួលមរណភាពនៅអ៊ីតាលី
អ្នកប្រាជ្ញមួយរូបទៀតបានចាប់កំណើតឡើង នៅក្នុងប្រទេសអង់គ្លេស... អ៊ីសាក់
ញូតុន ចាប់កំណើតឡើងនៅក្នុងកាលៈទេសៈដ៏លំបាកមួយ ទាំងនៅក្នុងគ្រួសារ
និងនៅក្នុងប្រទេស។
ញូតុនចាប់កំណើតឡើងជាកូនកំព្រាឪពុក។
ឪពុករបស់ញូតុនបានទទួលមរណភាព តាំងពី ៣ខែមុនញូតុនកើត
ហើយនៅពេលដែលញូតុនមានអាយុទើបនឹងបាន ៣ឆ្នាំ ម្តាយបានរៀបការប្តីថ្មី
ហើយទុកចោលញូតុនឲ្យរស់នៅជាមួយនឹងជីដូនជីតា
ដោយសារតែប្តីថ្មីមិនចង់ឲ្យញូតុនទៅរស់នៅជាមួយ។
លើសពីនេះទៅទៀត ឆ្នាំដែលញូតុនកើត
ក៏ជាឆ្នាំដែលអង់គ្លេសត្រូវធ្លាក់ទៅក្នុងកលយុគនយោបាយដ៏ធ្ងន់ធ្ងរមួយផងដែរ។
នៅឆ្នាំ១៦៤៩ នៅពេលដែលញូតុនទើបនឹងមានអាយុមិនដល់ ៧ឆ្នាំស្រួលបួលផង
សង្រ្គាមស៊ីវិលនៅអង់គ្លេសបានឈានទៅដល់ការផ្តួលរំលំរបបរាជានិយម, ព្រះមហាក្សត្រត្រូវបានគេចាប់មកកាត់ក្បាលជាសាធារណៈ, របបសាធារណរដ្ឋត្រូវបានបង្កើតឡើង ក៏ប៉ុន្តែ
ត្រូវបានប្រែក្លាយទៅជារបបផ្តាច់ការ ក្រោមការដឹកនាំរបស់អូលីវ័រ ក្រុមវែល។
រហូតទាល់តែដល់១១ឆ្នាំក្រោយមក ទើបវិបត្តិនយោបាយត្រូវបញ្ចប់
ហើយរបបរាជានិយមអង់គ្លេសត្រូវបានបង្កើតឡើងវិញ។
ស្ថានភាពចលាចលទាំងនៅក្នុងប្រទេស
និងនៅក្នុងគ្រួសារបែបនេះបានបង្កឲ្យមានការប៉ះពាល់ខាងផ្លូវចិត្តយ៉ាងខ្លាំងដល់ញូតុន។
ញូតុនធំដឹងក្តីជាមួយនឹងភាពឯកោ ខ្វះភាពកក់ក្តៅ
ខ្វះការស្រឡាញ់ថ្នាក់ថ្មមពីឪពុកម្តាយ, ជាមួយនឹងកំហឹងនិងគំនុំចំពោះឪពុកចុងដែលផ្តាច់ក្តីស្រឡាញ់របស់ម្តាយពីខ្លួន,
ជាមួយនឹងអំពើហិង្សានៃសង្រ្គាមស៊ីវិល...
ទាំងអស់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បុគ្គលិកលក្ខណៈរបស់ញូតុន។
ពេញក្នុងមួយជីវិត ញូតុនត្រូវបានគេស្គាល់ថាជាមនុស្សខ្វះភាពរាក់ទាក់
ឆេវឆាវ ពោរពេញទៅដោយការច្រណែន និងជាមនុស្សឯកោ គ្មានមិត្តភក្តិ
គ្មានគូស្នេហ៍ គ្មានទំនាក់ទំនងក្នុងសង្គម។
ប្រហែលជាដោយសារតែការចូលចិត្តភាពឯកោនេះហើយ
ដែលធ្វើឲ្យញូតុនចំណាយពេលភាគច្រើននៅក្នុងជីវិត ជាមួយនឹងការសិក្សា
ការត្រិះរិះពិចារណា ទៅលើធម្មជាតិ រហូតបង្កើតបានជាទ្រឹស្តីដែលជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តរហូតមកទល់នឹងពេលបច្ចុប្បន្ន។
នៅពេលដែលញូតុនមានអាយុ ១០ឆ្នាំ
ឪពុកចុងបានទទួលមរណភាព
ហើយម្តាយរបស់ញូតុនក៏បានវិលត្រឡប់មករស់នៅជាមួយញូតុនវិញ
ដោយនាំមកជាមួយនូវកូនក្រោយចំនួន ៣នាក់។ អាយុបាន ១២ឆ្នាំ
ញូតុនត្រូវបានម្តាយចុះឈ្មោះឲ្យចូលរៀននៅសាលា ដែលមានចម្ងាយជាង
១០គីឡូម៉ែត្រពីផ្ទះ ហើយញូតុនក៏ត្រូវបែកពីម្តាយម្តងទៀត
ដើម្បីទៅរស់នៅជាមួយគេនៅក្បែរសាលារៀន។ ក៏ប៉ុន្តែ រៀនបានតែ ៥ឆ្នាំ
ញូតុនត្រូវបានម្តាយឈប់ឲ្យរៀន ដើម្បីមកធ្វើការងារកសិកម្មជួយគ្រួសារ។
ញូតុនស្អប់ការងារស្រែចម្ការ
ចំណែកឯគ្រូរបស់ញូតុនក៏មានការសោកស្តាយ
ដែលឃើញកូនសិស្សដ៏មានបញ្ញាវាងវៃដូចជាញូតុនបែរជាទៅធ្វើជាកសិករ ដូច្នេះ
ក៏បានព្យាយាមទៅបញ្ចុះបញ្ចូលម្តាយរបស់ញូតុន ឲ្យបញ្ជូនកូនទៅរៀននៅសកលវិទ្យាល័យ។
ម្តាយរបស់ញូតុនបានយល់ព្រម ហើយនៅឆ្នាំ១៦៦១
ញូតុនក៏បានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យដ៏ល្បីមួយនៅអង់គ្លេស
គឺសកលវិទ្យាល័យខេមប្រ៊ិច (Trinity Colledge, University of Cambridge)។
សកលវិទ្យាល័យខេមប៊្រិច (University of Cambridge) ទីដែលញូតុនធ្លាប់រៀន និងធ្វើជាសាស្រ្តាចារ្យ
ពីដំបូង ញូតុនត្រូវរៀនបណ្តើរ ធ្វើការបណ្តើ (ធ្វើការជាអ្នកបម្រើក្នុងផ្ទះ)
ដើម្បីយកលុយមកផ្គត់ផ្គង់ការរៀនសូត្រ។ នៅឆ្នាំចុងក្រោយ
ញូតុនត្រូវបានសាលាផ្តល់អាហារូបករណ៍ ដើម្បីរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ
និងបន្តយកថ្នាក់អនុបណ្ឌិត។ ក៏ប៉ុន្តែ
ភ្លាមៗក្រោយពីញូតុនរៀនចប់ថ្នាក់បរិញ្ញា សកលវិទ្យាល័យខេមប៊្រិចក៏ដូចជាគ្រឹះស្ថានជាច្រើនផ្សេងទៀតត្រូវបិទទ្វារជាបណ្តោះអាសន្ន
ដោយសារតែមានជំងឺដ៏កាចសហាវ កំពុងឆ្លងរាតត្បាត នៅទីក្រុងឡុងដ៍
និងតំបន់ជុំវិញ។
ក្នុងអំឡុងពេលដែលសាលារៀនបិទទ្វារ
ញូតុនបានវិលត្រឡប់ទៅផ្ទះនៅឯស្រុកស្រែ ដើម្បីគេចពីជំងឺឆ្លង
ហើយនៅក្នុងរយៈពេលជិតពីរឆ្នាំ ញូតុនបានចំណាយពេលភាគច្រើន នៅតែម្នាក់ឯង
ធ្វើការសិក្សាស៊ីជម្រៅ រហូតឈានទៅបង្កើតនូវទ្រឹស្តីជាច្រើន
រាប់ចាប់តាំងពីខាងផ្នែកអុបទិក កម្លាំងទំនាញសកល
រហូតទៅដល់វិធីសាស្រ្តគណនាស្មុគស្មាញខាងគណិតវិទ្យា
គឺការគណនាឌីហ្វេរ៉ង់ស្យែល និងអាំងតេក្រាល។
ក៏ប៉ុន្តែ នៅពេលនោះ
ទ្រឹស្តីអស់ទាំងនេះត្រូវបានញូតុនរក្សាទុកសម្រាប់តែខ្លួនឯង
ដោយមិនបានចុះផ្សាយអ្វីទាំងអស់។
ការមិនចុះផ្សាយអំពីស្នាដៃរបស់ខ្លួនបែបនេះ គឺដោយសារតែញូតុនគឺជាមនុស្សដែលមានចរិកឯកោនិយម
មិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃ
ចូលចិត្តធ្វើអ្វីៗតែម្នាក់ឯងដោយមិនបង្ហាញឲ្យគេឃើញ និងជាពិសេស
ញូតុនត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សចិត្តស្រាល ឆាប់ខឹង
និងមិនចេះទ្រាំទ្រនឹងការរិះគន់។ ហេតុដូច្នេះហើយបានជាលោកមិនចង់បង្ហាញស្នាដៃឲ្យគេឃើញ
ដរាបណាស្នាដៃនោះមិនទាន់មានភាពឥតខ្ចោះចាកផុតពីការរិះគន់។
នៅឆ្នាំ១៦៦៧
នៅពេលដែលសកលវិទ្យាល័យចាប់បើកទ្វារឡើងវិញ
ញូតុនក៏បានវិលត្រឡប់ទៅខេមប៊្រិចវិញ
ហើយបានសិក្សារហូតដល់ចប់ថ្នាក់អនុបណ្ឌិត រួចហើយត្រូវបានសកលវិទ្យាល័យតែងតាំងឲ្យធ្វើជាសាស្រ្តាចារ្យគណិតវិទ្យានៅឆ្នាំ១៦៦៩។
៣ឆ្នាំក្រោយមកទៀត នៅឆ្នាំ១៦៧២ ញូតុន ក្នុងវ័យត្រឹមតែ ៣០ឆ្នាំ
ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្រ្តអង់គ្លេស
ដែលគេតែងស្គាល់ជាទូទៅថា « The Royal Society »។
នៅពេលនោះ The Royal Society មានទម្លាប់មួយ
គឺសមាជិកតែងតែជួបប្រជុំគ្នាជារឿយៗ ដើម្បីជជែកដេញដោលគ្នា
ជុំវិញប្រធានបទទាក់ទងនឹងវិទ្យាសាស្រ្ត។
សមាជិកម្នាក់ៗលើកបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន
ក្នុងគោលដៅចែកចាយចំណេះដឹងផង និងដើម្បីឲ្យមានការជជែកដេញដោល ចោទជាសំណួរ
និងលើកបង្ហាញនូវទឡ្ហីករណ៍ការពារ។
សកម្មភាពអស់ទាំងនេះផ្ទុយស្រឡះពីទម្លាប់
និងអត្តចរិករបស់ញូតុន ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ
ញូតុនបានព្យាយាមសម្របខ្លួន ហើយបានយកស្នាដៃរបស់លោកទៅលើកបង្ហាញ
និងដាក់ឲ្យមានការជជែកដេញដោលគ្នា។ ប៉ុន្តែមិនបានយូរប៉ុន្មានផង
បញ្ហាចម្រូងចម្រាសក៏ចាប់ផ្ទុះឡើង។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ញូតុនត្រូវទទួលរងនូវការរិះគន់
ហើយញូតុនឆ្លើយតបទៅវិញដោយកំហឹង រហូតរាលដាលទៅជាជម្លោះជាមួយសមាជិកផ្សេងទៀត
ក្នុង Royal
Society។
ញូតុនមិនអាចទ្រាំទ្រនឹងស្ថានភាពអស់ទាំងនេះបាន
ក៏សម្រេចចិត្តដកខ្លួនបន្តិចម្តងៗ ពីវេទិកាជជែកដេញដោលគ្នា។ ក៏ប៉ុន្តែ
នៅឆ្នាំ១៦៨៧ ក្រោមការផ្តួចផ្តើមគំនិតរបស់តារាវិទូអង់គ្លេសឈ្មោះ អែដម៉ុន
ហ៊ែលី (Edmond
Halley) ញូតុនបានសុខចិត្តយកលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោកទៅបោះពុម្ពផ្សាយជាសៀវភៅ។
Principia បានក្លាយទៅជាមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តសម័យទំនើប
ព្រមទាំងត្រូវបានគេទទួលស្គាល់នៅក្នុងពេលបច្ចុប្បន្ននេះថាជាស្នាដៃដ៏សំខាន់បំផុតមួយ
នៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្ត៕
ប្រភព៖ RFI Khmer